មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងនៅថ្ងៃអាទិត្យ ទី៤ ខែមករា នេះថា នៅថ្ងៃទី៧ ខែមករា ខាងមុខនេះ គណបក្សប្រជាជនកម្ពុជានឹងរៀបចំពិធីរំឭកខួបដ៏ធំលើកទី៣០ នៃការដួលរលំនៃរបបប៉ុលពត។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត ឲ្យដឹងថា ពិធីនោះនឹងត្រូវរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានមនុស្សចូលរួម ប្រមាណ ៤ម៉ឺននាក់ទៅ ៥ម៉ឺននាក់ រួមទាំងសិស្សានុសិស្ស ប្រជាពលរដ្ឋ មន្ត្រីរាជការស៊ីវិល គ្រប់ក្រសួងមន្ទីរនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងតំណាងមកពីបណ្តាខេត្តផ្សេងៗមួយចំនួនទៀតដោយមានរៀបចំដង្ហែរថយន្តបុស្សបុកផង។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ដូច្នេះថា ៖ «ការដែលរៀបចំនេះ គឺសូមជម្រាបថា ដើម្បីយើងរំឭកដល់ថ្ងៃរំដោះផង ដើម្បីរំឭកដល់ការរស់រានជីវិតផង ក៏ដើម្បីជាការពិចារណាដើម្បីយើងគិតថា ការដែលយើងឆ្លងកាត់ការជូរចត់ ការបែកបាក់គ្នា ការឈ្លោះប្រកែកគ្នា គឺដោយសារតែបញ្ហាយើងមិនអាចបានរួបរួមគ្នា។ ដូច្នេះក៏វាជាការមួយដែលមានផលប្រយោជន៍ដែរ ដែលយើងរំឭកខួបទី៣០នេះ ដើម្បីដកមេរៀនអំពីបញ្ហានៃការបែកបាក់គ្នា ហើយដែលយើងត្រូវចំណាយពេលមួយស្រករមនុស្ស ដែលយើងប្រឹងប្រែងស្ដារបានប៉ុណ្ណេះវិញ។ ដូច្នេះហើយដើម្បីជាបទពិសោធន៍ ដើម្បីយើងដឹងថា ការគិតខុសរបស់ថ្នាក់ដឹកនាំតែមួយគឺអាចនឹងនាំធ្លាក់ដល់ប៉ុណ្ណា?»។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ទៀតថា នៅក្នុងពិធីនេះមិនមានការដង្ហែកងកម្លាំងប្រដាប់អាវុធនោះទេ។ លោកបានបញ្ជាក់ទៀតថា កម្មវិធីនេះនឹងមិនមានការអញ្ជើញតំណាងស្ថានទូត និងអង្គការមួយចំនួនចូលរួមទេ ប៉ុន្តែលោកបានមានប្រសាសន៍ថា នឹងអញ្ជើញគ្រប់តំណាងគណបក្សនយោបាយដើម្បីចូលរួមនៅក្នុងកម្មវិធីនោះ។
លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងទៀតថា នៅក្នុងការរៀបចំពិធីនោះ គឺគណបក្សប្រជាជនកម្ពុជា ជាអ្នកចំណាយទាំងស្រុង ដោយមិនយកថវិកាជាតិសម្រាប់ការចំណាយនោះឡើយ៕
January 5, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment