ព្រះមហាក្សត្រខ្មែរសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ទ្រង់ឡាយព្រហស្តលេខាត្រាស់បង្គាប់ការតែងតាំងនិងផ្ទេរឋានៈនិងតួនាទីរបស់មន្រ្តីរាជការនៃស្ថាប័នយុត្តិធម៌និងតុលាការចំនួន ២៦នាក់។
យោងតាមព្រះរាជក្រឹត្យ ដែលចុះថ្ងៃទី៣០ ខែមករា ក្នុងចំណោមមន្រ្តីរាជការទាំង២៦រូបនោះ រួមមាន លោក អ៊ុក សាវុធ ដែលជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍និងលោក ហ៊ីង ធីរិទិ្ធ ដែលជាចៅក្រមសាលាដំបូងខេត្តស្ទឹងត្រែង បានទទួលការតែងតាំងជាព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។
គួររំឭកដែរថា លោក ហ៊ីង ធីរិទិ្ធ ជាអតីតចៅក្រមស៊ើបអង្កេតនៅតុលាការក្រុងភ្នំពេញ ធ្លាប់បានចេញដីកាលើកលែងការចោទប្រកាន់លោក ប៊ន សំណាង និង សុខ សំអឿន ក្រោយពីលោកពិនិត្យឃើញថា បុរសទាំងពីររូបនេះមិនមានការជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករកម្ពុជា ។ ហើយភ្លាមៗ បន្ទាប់ពីលោកបានចេញដីកាលើកលែងការចោទប្រកាន់ ប៊ន សំណាង និង សុខ សំអឿន លោក ហ៊ីង ធីរិទិ្ធ ក៏ត្រូវបានផ្លាស់ឲ្យទៅធ្វើការនៅខែត្រស្ទឹងត្រែង៕
February 5, 2009
អ្នកភូមិនៅជាប់តំបន់ដីក្រហមព្រួយបារម្ភពីការបណ្ដេញចេញ

ប្រជាពលរដ្ឋនៅក្រុម៧៨ ក្បែរសហគមន៍ដីក្រហម ក្រុងភ្នំពេញ អំពាវនាវឲ្យស្ថាប័នរដ្ឋចេញប័ណ្ណកម្មសិទ្ធិដីក្រោយពេលដែលឃើញការដេញដោយបង្ខំនៅសហគមន៍ក្បែរខាងដោយសំណងមិនសមរម្យ។
ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០០៩ តំណាងក្រុម៧៨ លោក ខេង សុរដ្ឋ អះអាងថា អ្នកចាកចេញពីកន្លែងជុំវិញក្រុម៧៨ មានសហគមន៍សំបុកចាប សហគមន៍ដីក្រហម និងមានក្រុម៧៨ មួយចំនួន សុទ្ធតែបានបណ្តេញដោយហិង្សាបន្ទាប់ពីការចរចាដោះដូរដីធ្លីមិនឯកភាពតម្លៃ។
លោក ខេង សុរដ្ឋ បន្តថា សុំឲ្យអាជ្ញាធរធ្វើប័ណ្ណដីតាមលិខិតអន្តរាគមន៍របស់ប្រធានរដ្ឋសភា កាលពីខែតុលា ឆ្នាំ២០០៨ ៖ «គេទាមទារតវ៉ាពីសិទ្ធិរស់នៅ យើងចោទថាគេប្រឆាំង ហើយការធ្វើបែបនេះគឺខ្ញុំភ័យខ្លាចមែនទែនដោយសារតែខ្ញុំបានឃើញកន្លែងផ្សេងៗដែលគេចេះតែចោទប្រកាន់អ៊ីចេះអ៊ីចុះទៅ។ អាស្រ័យហេតុនេះហើយបានយើងខ្ញុំថ្ងៃនេះបង្ហាញអំពីលិខិតអន្តរាគមន៍នេះផង និងសូមសំណូមពរដល់បណ្ដាអង្គការនានាផងដើម្បីជួយធ្វើយ៉ាងណាជួយឲ្យប្រជាជនក្រុម៧៨នេះមានសិទ្ធិរស់នៅពេញលេញដូចគេដូចឯង កុំឲ្យចេះតែចោទប្រកាន់ថា យើងខ្ញុំនេះរស់នៅអនាធិបតេយ្យ»។
អ្នកស្រី អ៊ុក មករា បានអះអាងថា ការបណ្តេញសហគមន៍សំបុកចាបនិងសហគមន៍ដីក្រហមនៅជាប់ក្រុម៧៨នេះជាមេរៀនធ្វើឲ្យអ្នកស្រុករស់នៅក្រុម៧៨ភ័យព្រួយអាចជួបហេតុការណ៍ដូចគ្នាដោយអាជ្ញាធរសាធារណៈបានចោទកន្លងមកថា ពួកគេរស់នៅអនាធិបតេយ្យហើយធ្វើការបណ្ដេញចេញដោយពួកគេមិនមានប័ណ្ណកាន់កាប់ដី។
តំណាងរាស្រ្តចុះស្តាប់ហេតុការណ៍ផ្ទាល់ លោកស្រី មូរ សុខហួរ បានផ្តល់យោបល់ទៅអ្នកភូមិក្រុម៧៨ថា គួរតែនាំគ្នាដាក់លិខិតស្នើសុំទៅស្ថានទូតប្រទេសអាលឺ្លម៉ង់និងប្រទេសហ្វាំងឡង់ឲ្យជួយជំរុញទៅរដ្ឋាភិបាលកម្ពុជាធ្វើបញ្ជីដីធ្លីជូនអ្នកភូមិក្រុម៧៨ ដោយប្រទេសទាំងពីរនោះជាម្ចាស់ថវិកាផ្តល់ឲ្យចុះបញ្ជីដីធ្លីនៅកម្ពុជា។
រីឯតំណាងរាស្រ្តភ្នំពេញ លោក ហូ វណ្ណ មានប្រសាសន៍ថា ក្រុម៧៨ត្រៀមការពារផលប្រយោជន៍ខ្លួននេះត្រឹមត្រូវដោយទង្វើរបស់អាជ្ញាធរកន្លងមកធ្វើការផ្អៀងទៅរកកិច្ចការពារផលប្រយោជន៍ឈ្មួញច្រើនជាងផលប្រយោជន៍ប្រជាជន។ ទង្វើនោះអាចជះឥទ្ធិពលភ័យខ្លាចសម្រាប់អ្នកទន់ខ្សោយដែលច្បាប់ត្រូវជួយការពារអ្នកស្រុក។
មន្រ្តីសមាគមអាដហុក លោក ចាន់ សាវ៉េត និងមន្រ្តីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ម៉ម សុធី មានប្រសាសន៍ដូចគ្នាថា ក្រុម៧៨នោះអាចប្រឈមនឹងការរុះរើនាពេលខាងមុខដោយជុំវិញក្រុម៧៨មានក្រុមហ៊ុន 7NG ថ្មីៗនេះដេញសហគមន៍ដីក្រហម និងក្រុមហ៊ុន ស៊ូស្រ៊ុន ដេញសហគមន៍សំបុកចាប ប៉ុន្តែអាជ្ញាធរគួរតែចរចាដោយសន្តិវិធីមុននឹងធ្វើការដោះដូរលំនៅឋានអ្នកស្រុកនីមួយៗដោយប្រជាជនទាំងអស់មានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ប័ណ្ណបោះឆ្នោត អត្តសញ្ញាណប័ណ្ណ ដែលអាចសម្គាល់ពួកគាត់មានសិទ្ធិលើភោគៈដែលគេរស់នៅយូរឆ្នាំមកហើយស្របច្បាប់។
តាមការអះអាងពីតំណាងក្រុម៧៨ថា បច្ចុប្បន្នមានប្រជាជនរស់នៅក្នុងក្រុមនោះ៨៨គ្រួសារលើផ្ទៃដីប្រមាណ១ហិកតារ៕
Subscribe to:
Posts (Atom)